Cambodia urges developed countries to facilitate assess to Climate Finance Streams

,

Thmey Thmey Media Online, Bonn, Germany

SUMMARY: While the financial flows to address climate change remain a controversial topic at the 23rd UN climate change conference (COP23), Cambodia wants to see the country Development continues to commit to helping finance the sharing of technology, as well as helping poor countries build capacity. This is the remarks of the Cambodian delegates attending the conference.
 
Bonn៖ ខណៈ​លំហូរ​ហិរញ្ញវត្ថុ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​ជា​ប្រធានបទ​ចម្រូងចម្រាស​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​នៃ​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ (COP23) កម្ពុជា​ចង់ឃើញ​ប្រទេស​អភិវឌ្ឍ​បន្ត​ប្តេជ្ញាចិត្ត​ជួយផ្តល់​ហិរញ្ញ​វ​ត្ដុ ចែករម្លែក​បច្ចេកវិទ្យា  ក៏ដូចជា​ជួយ​ប្រទេស​ក្រីក្រ​កសាង​សមត្ថភាព​។ នេះ​ជាការ​លើកឡើង​របស់​ប្រតិភូ​កម្ពុជា​ដែល​មក​ចូលរួម​សន្និសីទ​នេះ​។​
 
​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣  នៅ​ក្រុង Bonn ប្រទេស​អាល្លឺម៉ង់ កម្ពុជា​ផ្តោតលើ​ការតាមដាន​កិច្ចការងារ​ដែល​ត្រូវធ្វើ​បន្ត​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ហើយ​បញ្ហា​លំហូរ​ថវិកា​ជា​បញ្ហាសំខាន់​។​
 
​លោក ជួប ប៉ារីស៍  អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ការអភិវឌ្ឍ​ដោយ​ចីរភាព (NCSD) បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ៖​ «​ក្រោម​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ យើង​ត្រូវ​ប្រើប្រាស់​វិធានការ​ចំនួន​ពីរ​គឺ បន្សាំ (Adaptation) និង​បន្ថយ (Mitigation)​។ មួយទៀត​គឺ លំហូរ​ហិរញ្ញវត្ថុ​ជួយ​ប្រទេស​ក្រីក្រ​សម្រាប់​ការអនុវត្ត​វា​ឲ្យ​បាន​ជោគជ័យ»​។​
 
«​ដូច្នេះហើយ យើង​មក​សន្និសីទ​នេះ (COP) គឺ​ដើម្បី​ជជែក​ត្រូវ​ដោះស្រាយ និង​តាម​ការងារ​នេះ​។  គោលការណ៍​ណែនាំ វិធីសាស្ត្រ​អនុវត្ត ការអនុវត្ត ជាពិសេស​ការបង្ហូរ​ថ​វិកា​សម្រាប់​ទ្រទ្រង់​គម្រោង​ប្រែប្រួល​អាកាសធាតុ​ជាដើម​ជា​អ្វីដែល​យើង​កំពុង​ជជែក​គ្នា​»​។​
 
​ក្រោម​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ កម្ពុជា​ក៏ដូចជា​បណ្តា​រដ្ឋ​ដទៃទៀត​នៅ​ទូទាំង​ពិភពលោក​ត្រូវ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ធានា​កម្រិត​សីតុណ្ហភាព​កុំ​ឲ្យ​កើន​លើស ២ ភាគរយ​គិត​ត្រឹម​ឆ្នាំ ២១០០ ខាងមុខ​។ 
 
​បន្ថែម​ពីនេះ​ដើម្បី​សម្រេច​គោលដៅ ប្រទេស​សមាជិក ១៩៧ ទូទាំង​ពិភពលោក​ប្តេជ្ញា​ប្រមែរ​ប្រមូល​ថវិកា​ឲ្យ​បាន ១០០​ពាន់​លាន​ក្នុង​មួយឆ្នាំ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ និង​ងាយ​រងគ្រោះ​ត្រឹម​ឆ្នាំ ២០២០​។ យ៉ាងណាក៏ដោយ ប្រមែរ​ប្រមូល​ហិរញ្ញវត្ថុ​នេះ​នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស​សម្រាប់​ការចរចា​រវាង​ប្រទេស​ពាក់ព័ន្ធ​។ 
 
 
​សម្រាប់​មន្ត្រី​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​ការអភិវឌ្ឍ​ដោយ​ចីរភាព​ខាងលើ កម្ពុជា​ត្រូវ​ការកសាង​សមត្ថភាព ចែករម្លែក​បច្ចេកវិទ្យា និង​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​នានា​ពាក់ព័ន្ធ​ការដោះស្រាយ​បញ្ហា​អាកាសធាតុ​ខ្លាំងជាងគេ​។ ប្រទេស​នេះ​ក៏​ចង់​ឲ្យ​ប្រទេស​អភិវឌ្ឍ​បន្ត​សម្រួល​ដើម្បី​ឲ្យ​ប្រទេស​ក្រីក្រ​ងាយស្រួល​ទទួលបាន​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​គម្រោង​នានា​ដូចជា​កម្មវិធី​បន្សាំ និង​កា​ត់ប​ន្ថ​បញ្ហា​ប្រឈម​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ​។ 
 
​សូមបញ្ជាក់ថា កម្ពុជា​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេសមួយ​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​។ កម្ពុជា​ប្រឈម​គ្រោះមហន្តរាយធម្មជាតិ​ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត និង​រលក​កម្តៅ​កើតឡើង​ថែមទៀត​កន្លងមកនេះ​៕