Cambodia Not Likely to Meet Climate Goal in Forest Protection: Environmentalist

,

Thmey Thmey Media Online, Bonn, Germany

SUMMARY: In 2015, the Cambodian government promised to reduced greenhouse gas emissions by 27 per cent and increase forest cover to 60 per cent by 2030. However, an environmental activist thinks the country is unlikely to be able to keep the forest cover promise unless there is robust action to reforest and to combat illegal logging

​(Bonn)៖ តាមរយៈ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ (Paris Climate Agreement) កម្ពុជា​បាន​ប្តេជ្ញាចិត្ត​បង្កើន​គំរប​ព្រៃឈើ​ឲ្យ​បាន ៦០​ភាគរយ​ត្រឹម​ឆ្នាំ ២០៣០ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សកល​។ ប៉ុន្តែ​អ្នក​បរិស្ថាន​យល់ឃើញថា វា​នៅតែ​ជា​ផ្លូវ​ដ៏​វែងឆ្ងាយ និង​ពិបាក​សម្រេច​សម្រាប់កម្ពុជា បើ​គ្មាន​ការប្រឹងប្រែង​ទប់ស្កាត់​បញ្ហា​កាត់​បំផ្លាញ​ព្រៃឈើ​ឲ្យ​បាន​ខ្លាំងក្លា​ទេនោះ​។---

​ខណៈ​ប្រតិភូ​កម្ពុជា​កំពុង​ចូលរួម​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ (COP23) នៅ​អាល្លឺម៉ង់ អ្នក​បរិស្ថាន​និង​សកម្មជន​ព្រៃឈើ​បាន​អំពាវនាវ​ឲ្យ​កម្ពុជា​បង្កើន​ការប្រឹងប្រែង​រក្សា​និង​ដាំ​ដុះ​ព្រៃឈើ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកា​ធាតុ តាម​ការ​តាម​ការសន្យា​របស់ខ្លួន​ស្របតាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។ 

​លោក ស ម៉ូ​រី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា (CYN) បាន​ទទូច​ឲ្យ​តំណាង​កម្ពុជា​ដែល​ចូលរួម​សន្និសីទ​អង្គការ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុលើកទី២៣ បំពេញ​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ដែល​កំណត់​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។ លោក​យល់ថា វា​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​កម្ពុជាក្នុងការ​រួមចំណែក​ដោះស្រាយ​បញ្ហា​បរិស្ថាន​ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់ប្រជា​ពល​កម្ពុជា និង​ពិភពលោក​នោះ​។​


                  លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា

​ក្រោម​កិច្ចព្រមព្រៀង​អាកាសធាតុ​ឆ្នាំ ២០១៥ ដែល​ស​ម្រ​ច​បាន​នៅ​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២១ (COP21) នៅ​ក្រុងប៉ារីស  រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​បង្កើន​ទំហំ​ព្រៃឈើ​គ្របដណ្តប់​ផ្ទៃដី​ឲ្យ​បាន ៦០​ភាគរយ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ទៅ​បរិយាកាស​ត្រឹម​ឆ្នាំ ២០៣០​ខាងមុខ​។​

«​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ ២០១៥ នៅ COP 21 បាន​ប្តេជ្ញាចិត្ត​ធ្វើ​យ៉ាង​សម្រេចបាន​នូវ​គំរប​ព្រៃឈើ​ឲ្យ​បាន ៦០​ភាគរយ​ត្រឹម​ឆ្នាំ ២០៣០ ដោយ​រក្សា​ព្រៃ​នៅសល់​ផង និង​ដាំ​បន្ថែម​ផង​ដើម្បី​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ឥ​ណ្ឌ​ទាន​កាបូន (REDD+)»​។​លោក ស ម៉ូ​រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។ 

​សូម​បើក​វង់ក្រចក​បន្តិច​ថា គម្រោង REDD+ ជា​យន្តការ​កាត់បន្ថយ​ឧស្ម័ន​ពុល​ដែល​បណ្តា​លពី​ការបាត់បង់ និង​រេចរឹល​នៃ​ព្រៃឈើ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​។​

​យ៉ាងណាមិញ បើតាម​អ្នកជំនាញ​បរិស្ថាន​រូបនេះ កម្ពុជា​ទំនង​មិនអាច​ការប្តេជ្ញាចិត្ត​រប​ស់​កម្ពុជា​ខ្លួន​តាម​កាលកំណត់​ឡើយ វា​លែង​តែមាន​ការប្រឹងប្រែង​ខ្លាំង​ក្នុងការ​រក្សា ការពារ និង​ដាំ​ដុះ​ព្រៃឈើ​ឡើងវិញ​។ 

«​តាម​ស្ថានភាព​ជាក់ស្តែង មិនមែន​និយាយ​ពី​កម្រិត​គោលនយោបាយ យើង​ឃើញថា ទៅដល់​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត ខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និង​ព្រះវិហារ​ការកាប់​ព្រៃ​អ​នា​អធិបតេយ្យ​នៅតែមាន​ទោះបីជា​រដ្ឋាភិបាល​ឈប់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក៏ដោយ​។ ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​មិនសូវមាន​ទេ ការបន្ត​កាប់​នៅតែមាន​។ ដូច្នេះ​ខ្ញុំ​យល់ថា កម្ពុជា​យើង​ទំនងជា​មិនអាច​សម្រេចបាន​តាម​កា​រ​សន្យា​របស់ខ្លួន​ដើម្បី​បង្កើន​គំរប​ព្រៃឈើ​ឲ្យ​ដល់ ៦០​ភាគរយ​ឡើយ​នៅត្រឹម​២០៣០ តាម​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​»​។ នេះ​ជាការ​ពន្យល់​របស់លោក ស ម៉ូ​រី ។​

«​វា​លើកលែងតែ​វា​មាន​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ខ្លាំង​មែនទែន​ទប់ស្កាត់​បទ​ល្មើ​ព្រៃឈើ​ខ្លាំង​មែនទែន​។ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ឧ​ទ្យា​នុ​រក្ស​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​ប្រឆាំង​បទល្មើស​ព្រៃឈើ និង​បទល្មើស​ធនធានធម្មជាតិ​»​។  

​សូមបញ្ជាក់​បន្តិច​ថា តំបន់​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​ដែលមាន​ទំហំ​ជាង ៤០ ម៉ឺន​ហិកតា ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​ដាក់​ជា​ដែនជម្រកសត្វព្រៃ​កាលពី​ខែឧសភា ឆ្នាំ​២០១៥​។ ប៉ុន្តែ​បើតាម​របាយការណ៍​ចងក្រង​ដោយ​សាកលវិទ្យាល័យ Copenhagen ប្រទេស​ដា​ណឺ​ម៉ាក ចេញផ្សាយ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៧​នេះ ចន្លោះ​ពី​ខែសីហា​ឆ្នាំ ២០១៦ ដល់​ខែកុម្ភៈ​ឆ្នាំ​២០១៧ បទល្មើស​ព្រៃឈើ​បាន​ថយចុះ ប៉ុន្តែ​ការកាប់​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតមាន​គួរ​ឲ្យ​បារម្ភ​។​

​ដោយឡែក​ពាក់ព័ន្ធ​ការសម្រេច​តាម​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ការបង្កើន​គំរប​ព្រៃឈើ ប្រតិ​ភ​កម្ពុជា​ដែល​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បានលើកឡើង​ថា វា​ជា​ផ្លូវ​ដែល​កម្ពុជា​ត្រូវ​ដើរ ប៉ុន្តែ​កម្ពុជា​កំពុង​ប្រឹងប្រែង​ខ្លាំង​រួចហើយ​ដើម្បី​ការពារ​ព្រៃឈើ​ដូចជា​ដាក់​ព្រៃ​ក្នុង​តំបន់​ការពារ និង​ការអនុវត្ត​គម្រោង​អភិរក្ស និង​ធានា​ការគ្រប់គ្រង​ព្រៃ​ជា​និរន្តរភាព​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ផងដែរ​។​

​ពេល​សាក​សួរថា កម្ពុជា​អាច​សម្រេចបាន​តាម​គោលដៅ​របស់ខ្លួន​ក្នុងការ​បង្កើន​គំ​រាប​ព្រៃឈើ​ឬ​អត់​តាម​ពេល​កំណត់ លោក ជួប ប៉ារីស៍ អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ការអភិវឌ្ឍ​ដោយ​ចី​រ​ភា (NCSD) បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖ «​យើង​មិនទាន់​អាចនិយាយបាន​ឡើយ​ពី​ការសម្រេចបាន ឬ​មិនបាន​ប៉ុន្មាន​ភាគរយ​នោះ​។ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ននេះ​យើង​កំពុង​ប្រឹងប្រែង​ធ្វើ​ម៉េច​ការពារ​ព្រៃឈើ​យើង​ឲ្យ​បាន​»​។ 


លោក ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍដោយចីរភាព

​លោក​អះអាង​បាន​ថា​៖ «​ក្នុងការ​កែទម្រង់​ព្រៃ​ថ្មីៗ​នេះ ព្រៃឈើ​ត្រូវ​បានដាក់​ការពារ​ច្រើនណាស់​។ គ្រាន់តែ​ព្រៃឈើ យើង​ដាក់​ការពារ​៧,៥​លាន​ហិកតា​ទៅហើយ ហើយ​វា​ស្មើ ៤០​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​រួចទៅហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​នឹង​ការពារ​ព្រៃ​ផ្សេងទៀត តាម​គម្រោង REDD+»៕