
SUMMARY: In 2015, the Cambodian government promised to reduced greenhouse gas emissions by 27 per cent and increase forest cover to 60 per cent by 2030. However, an environmental activist thinks the country is unlikely to be able to keep the forest cover promise unless there is robust action to reforest and to combat illegal logging
(Bonn)៖ តាមរយៈកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ (Paris Climate Agreement) កម្ពុជាបានប្តេជ្ញាចិត្តបង្កើនគំរបព្រៃឈើឲ្យបាន ៦០ភាគរយត្រឹមឆ្នាំ ២០៣០ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសកល។ ប៉ុន្តែអ្នកបរិស្ថានយល់ឃើញថា វានៅតែជាផ្លូវដ៏វែងឆ្ងាយ និងពិបាកសម្រេចសម្រាប់កម្ពុជា បើគ្មានការប្រឹងប្រែងទប់ស្កាត់បញ្ហាកាត់បំផ្លាញព្រៃឈើឲ្យបានខ្លាំងក្លាទេនោះ។---
ខណៈប្រតិភូកម្ពុជាកំពុងចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣ (COP23) នៅអាល្លឺម៉ង់ អ្នកបរិស្ថាននិងសកម្មជនព្រៃឈើបានអំពាវនាវឲ្យកម្ពុជាបង្កើនការប្រឹងប្រែងរក្សានិងដាំដុះព្រៃឈើដើម្បីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាធាតុ តាមការតាមការសន្យារបស់ខ្លួនស្របតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា (CYN) បានទទូចឲ្យតំណាងកម្ពុជាដែលចូលរួមសន្និសីទអង្គការសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៣ បំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនដែលកំណត់ក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។ លោកយល់ថា វាជារឿងចាំបាច់បំផុតសម្រាប់កម្ពុជាក្នុងការរួមចំណែកដោះស្រាយបញ្ហាបរិស្ថានដែលកំពុងបង្កផលប៉ះពាល់ដល់ប្រជាពលកម្ពុជា និងពិភពលោកនោះ។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា
ក្រោមកិច្ចព្រមព្រៀងអាកាសធាតុឆ្នាំ ២០១៥ ដែលសម្រចបាននៅសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២១ (COP21) នៅក្រុងប៉ារីស រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តបង្កើនទំហំព្រៃឈើគ្របដណ្តប់ផ្ទៃដីឲ្យបាន ៦០ភាគរយដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចទៅបរិយាកាសត្រឹមឆ្នាំ ២០៣០ខាងមុខ។
«រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០១៥ នៅ COP 21 បានប្តេជ្ញាចិត្តធ្វើយ៉ាងសម្រេចបាននូវគំរបព្រៃឈើឲ្យបាន ៦០ភាគរយត្រឹមឆ្នាំ ២០៣០ ដោយរក្សាព្រៃនៅសល់ផង និងដាំបន្ថែមផងដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងឥណ្ឌទានកាបូន (REDD+)»។លោក ស ម៉ូរី បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
សូមបើកវង់ក្រចកបន្តិចថា គម្រោង REDD+ ជាយន្តការកាត់បន្ថយឧស្ម័នពុលដែលបណ្តាលពីការបាត់បង់ និងរេចរឹលនៃព្រៃឈើក្នុងប្រទេសកំពុងអភិវឌ្ឍ។
យ៉ាងណាមិញ បើតាមអ្នកជំនាញបរិស្ថានរូបនេះ កម្ពុជាទំនងមិនអាចការប្តេជ្ញាចិត្តរបស់កម្ពុជាខ្លួនតាមកាលកំណត់ឡើយ វាលែងតែមានការប្រឹងប្រែងខ្លាំងក្នុងការរក្សា ការពារ និងដាំដុះព្រៃឈើឡើងវិញ។
«តាមស្ថានភាពជាក់ស្តែង មិនមែននិយាយពីកម្រិតគោលនយោបាយ យើងឃើញថា ទៅដល់ព្រៃឡង់ទាំងបួនខេត្ត ខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារការកាប់ព្រៃអនាអធិបតេយ្យនៅតែមានទោះបីជារដ្ឋាភិបាលឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ចក៏ដោយ។ ប្រសិទ្ធភាពនៃការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមិនសូវមានទេ ការបន្តកាប់នៅតែមាន។ ដូច្នេះខ្ញុំយល់ថា កម្ពុជាយើងទំនងជាមិនអាចសម្រេចបានតាមការសន្យារបស់ខ្លួនដើម្បីបង្កើនគំរបព្រៃឈើឲ្យដល់ ៦០ភាគរយឡើយនៅត្រឹម២០៣០ តាមកិច្ចព្រមព្រៀងក្រុងប៉ារីស»។ នេះជាការពន្យល់របស់លោក ស ម៉ូរី ។
«វាលើកលែងតែវាមានពង្រឹងការអនុវត្តច្បាប់ឲ្យបានខ្លាំងមែនទែនទប់ស្កាត់បទល្មើព្រៃឈើខ្លាំងមែនទែន។ ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ និងឧទ្យានុរក្សអនុវត្តឲ្យបានតឹងរ៉ឹងប្រឆាំងបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិ»។
សូមបញ្ជាក់បន្តិចថា តំបន់ព្រៃឡង់ទាំងបួនខេត្តដែលមានទំហំជាង ៤០ ម៉ឺនហិកតា ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ជាដែនជម្រកសត្វព្រៃកាលពីខែឧសភា ឆ្នាំ២០១៥។ ប៉ុន្តែបើតាមរបាយការណ៍ចងក្រងដោយសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ចេញផ្សាយកាលពីខែកុម្ភៈឆ្នាំ ២០១៧នេះ ចន្លោះពីខែសីហាឆ្នាំ ២០១៦ ដល់ខែកុម្ភៈឆ្នាំ២០១៧ បទល្មើសព្រៃឈើបានថយចុះ ប៉ុន្តែការកាប់ឈើខុសច្បាប់នៅតែបន្តកើតមានគួរឲ្យបារម្ភ។
ដោយឡែកពាក់ព័ន្ធការសម្រេចតាមការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចឲ្យបាននូវការបង្កើនគំរបព្រៃឈើ ប្រតិភកម្ពុជាដែលចូលរួមក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុបានលើកឡើងថា វាជាផ្លូវដែលកម្ពុជាត្រូវដើរ ប៉ុន្តែកម្ពុជាកំពុងប្រឹងប្រែងខ្លាំងរួចហើយដើម្បីការពារព្រៃឈើដូចជាដាក់ព្រៃក្នុងតំបន់ការពារ និងការអនុវត្តគម្រោងអភិរក្ស និងធានាការគ្រប់គ្រងព្រៃជានិរន្តរភាពដើម្បីកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
ពេលសាកសួរថា កម្ពុជាអាចសម្រេចបានតាមគោលដៅរបស់ខ្លួនក្នុងការបង្កើនគំរាបព្រៃឈើឬអត់តាមពេលកំណត់ លោក ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍដោយចីរភា (NCSD) បានថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «យើងមិនទាន់អាចនិយាយបានឡើយពីការសម្រេចបាន ឬមិនបានប៉ុន្មានភាគរយនោះ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះយើងកំពុងប្រឹងប្រែងធ្វើម៉េចការពារព្រៃឈើយើងឲ្យបាន»។
លោក ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍដោយចីរភាព
លោកអះអាងបានថា៖ «ក្នុងការកែទម្រង់ព្រៃថ្មីៗនេះ ព្រៃឈើត្រូវបានដាក់ការពារច្រើនណាស់។ គ្រាន់តែព្រៃឈើ យើងដាក់ការពារ៧,៥លានហិកតាទៅហើយ ហើយវាស្មើ ៤០ភាគរយនៃផ្ទៃដីប្រទេសរួចទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ យើងនឹងការពារព្រៃផ្សេងទៀត តាមគម្រោង REDD+»៕