
Thmey Thmey Media Online
Bonn, Germany
Cambodia urges developed countries to facilitate assess to Climate Finance Streams
Phal Niseiy Sao | 14 November 2017SUMMARY: While the financial flows to address climate change remain a controversial topic at the 23rd UN climate change conference (COP23), Cambodia wants to see the country Development continues to commit to helping finance the sharing of technology, as well as helping poor countries build capacity. This is the remarks of the Cambodian delegates attending the conference.
Bonn៖ ខណៈលំហូរហិរញ្ញវត្ថុដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅជាប្រធានបទចម្រូងចម្រាសក្នុងសន្និសីទអង្គការសហប្រជាជាតិនៃការប្រែប្រួលអាកាសធាតុលើកទី ២៣ (COP23) កម្ពុជាចង់ឃើញប្រទេសអភិវឌ្ឍបន្តប្តេជ្ញាចិត្តជួយផ្តល់ហិរញ្ញវត្ដុ ចែករម្លែកបច្ចេកវិទ្យា ក៏ដូចជាជួយប្រទេសក្រីក្រកសាងសមត្ថភាព។ នេះជាការលើកឡើងរបស់ប្រតិភូកម្ពុជាដែលមកចូលរួមសន្និសីទនេះ។
ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣ នៅក្រុង Bonn ប្រទេសអាល្លឺម៉ង់ កម្ពុជាផ្តោតលើការតាមដានកិច្ចការងារដែលត្រូវធ្វើបន្តដើម្បីអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ហើយបញ្ហាលំហូរថវិកាជាបញ្ហាសំខាន់។
លោក ជួប ប៉ារីស៍ អគ្គនាយករងនៃអគ្គនាយកដ្ឋានក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍដោយចីរភាព (NCSD) បានថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ក្រោមកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុ យើងត្រូវប្រើប្រាស់វិធានការចំនួនពីរគឺ បន្សាំ (Adaptation) និងបន្ថយ (Mitigation)។ មួយទៀតគឺ លំហូរហិរញ្ញវត្ថុជួយប្រទេសក្រីក្រសម្រាប់ការអនុវត្តវាឲ្យបានជោគជ័យ»។
«ដូច្នេះហើយ យើងមកសន្និសីទនេះ (COP) គឺដើម្បីជជែកត្រូវដោះស្រាយ និងតាមការងារនេះ។ គោលការណ៍ណែនាំ វិធីសាស្ត្រអនុវត្ត ការអនុវត្ត ជាពិសេសការបង្ហូរថវិកាសម្រាប់ទ្រទ្រង់គម្រោងប្រែប្រួលអាកាសធាតុជាដើមជាអ្វីដែលយើងកំពុងជជែកគ្នា»។
ក្រោមកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ កម្ពុជាក៏ដូចជាបណ្តារដ្ឋដទៃទៀតនៅទូទាំងពិភពលោកត្រូវប្រឹងប្រែងធ្វើយ៉ាងណាធានាកម្រិតសីតុណ្ហភាពកុំឲ្យកើនលើស ២ ភាគរយគិតត្រឹមឆ្នាំ ២១០០ ខាងមុខ។
បន្ថែមពីនេះដើម្បីសម្រេចគោលដៅ ប្រទេសសមាជិក ១៩៧ ទូទាំងពិភពលោកប្តេជ្ញាប្រមែរប្រមូលថវិកាឲ្យបាន ១០០ពាន់លានក្នុងមួយឆ្នាំដើម្បីជួយប្រទេសក្រីក្រ និងងាយរងគ្រោះត្រឹមឆ្នាំ ២០២០។ យ៉ាងណាក៏ដោយ ប្រមែរប្រមូលហិរញ្ញវត្ថុនេះនៅតែជាបញ្ហាចម្រូងចម្រាសសម្រាប់ការចរចារវាងប្រទេសពាក់ព័ន្ធ។
សម្រាប់មន្ត្រីក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍដោយចីរភាពខាងលើ កម្ពុជាត្រូវការកសាងសមត្ថភាព ចែករម្លែកបច្ចេកវិទ្យា និងថវិកាដើម្បីអនុវត្តគម្រោងនានាពាក់ព័ន្ធការដោះស្រាយបញ្ហាអាកាសធាតុខ្លាំងជាងគេ។ ប្រទេសនេះក៏ចង់ឲ្យប្រទេសអភិវឌ្ឍបន្តសម្រួលដើម្បីឲ្យប្រទេសក្រីក្រងាយស្រួលទទួលបានហិរញ្ញវត្ថុដើម្បីគាំទ្រគម្រោងនានាដូចជាកម្មវិធីបន្សាំ និងកាត់បន្ថបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនេះ។
សូមបញ្ជាក់ថា កម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសមួយនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេដោយសារការប្រែប្រួលអាកាសធាតុនេះ។ កម្ពុជាប្រឈមគ្រោះមហន្តរាយធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត និងរលកកម្តៅកើតឡើងថែមទៀតកន្លងមកនេះ៕