
Saerbeck's community based projects can be a model for Cambodia's energy development
| 26 November 2017Bonn-អាល្លឺម៉ង់៖ មានទីតាំងស្ថិតនៅក្នុងរដ្ឋ North Rhine-Westphalia នៃប្រទេសអាល្លឺម៉ង់ ក្រុង Saerbeck (Saerbeck Municipality) ក្លាយជាតំបន់ដ៏ល្បីល្បាញអាចផលិតអគ្គិសនីដោយប្រើកម្លាំងខ្យល់ ថាមពលពន្លឺព្រះអាទិត្យ បូករួមជាមួយថាមពលជីវម៉ាសផងដែរ។ វាជាគម្រោងអភិវឌ្ឍថាមពលស្អាតថ្នាក់សហគមន៍ដែលផ្តើមចេញពីគម្រោងតូចៗ ប៉ុន្តែវារួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកលផង។
ក្រុង Saerbeck មានប្រជាជនរស់នៅជាង ៧ពាន់នាក់ ហើយក្រុងនេះមានឈ្មោះបោះសំឡេងដោយអនុវត្តគម្រោងថាមពលស្អាតថ្នាក់សហគមន៍ដោយជោគជ័យចាប់ពីឆ្នាំ ២០០៨។ តំបន់នេះក៏បានបន្តឈ្នះពានរង្វាន់ជាបន្តបន្ទាប់ដោយឈានមុខគេក្នុងការផលិតអគ្គិសនីដើរដោយថាមពលករកើតឡើងវិញ និងធានានិរន្តរភាពនៃបរិស្ថានផងដែរ។
ប្រធានផ្នែកបច្ចេកទេស Guido Wallraven បានអះអាងថា សហគមន៍របស់លោកប្តេជ្ញាចិត្តថា នឹងឈានទៅបញ្ឈប់ការបញ្ចេញឧស្ម័នកាបូនិចទាំងស្រុងនៅឆ្នាំ ២០៣០។ លោកបានពន្យល់ថា គម្រោងអភិវឌ្ឍថាមពលស្អាតថ្នាក់សហគមន៍នេះត្រូវបានផ្តួចផ្តើមដោយអាជ្ញាធរ និងមានការវិនិយោគដោយប្រជាជនក្នុងតំបន់ផងទើបបានជាវាជោគជ័យ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ថា គម្រោងដ៏មានសក្តានុពលនេះផ្តើមឡើងពីតូចៗ ហើយក៏មិនមានការឧបត្ថម្ភគាំទ្រអ្វីពីរដ្ឋបាលសហព័ន្ធដែរ។
ពេលសាកសួរថា តើគម្រោងសហគមន៍បែបនេះអាចអនុវត្តបាននៅសហគមន៍ដទៃទៀតនាប្រទេសកំពុងអភិវឌ្ឍន៍បានឬយ៉ាងណា លោក Guido Wallraven បានថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖ « គម្រោងបែបនេះ មនុស្សគ្រប់គ្នាអាចធ្វើបានមិនថានៅប្រទេសក្រីក្រ ឬអ្នកមានឡើយ។ គេអាចចាប់ផ្តើមពីគម្រោងតូចៗព្រោះវាមិនត្រូវការអ្វីធំដុំឡើយ។ យើងកសាងសហគមន៍បៃតងដែលមិនបំពុលបរិស្ថាននេះដោយខ្លួនយើងផ្ទាល់ដោយប្រាប់ប្រជាជន និងស្នើឲ្យប្រជាជនចូលរួមជាមួយ»។
តាមពិតទៅគម្រោងអភិវឌ្ឍថាមពលស្អាតថ្នាក់សហគមន៍នេះមានសារសំខាន់សម្រាប់សហគមន៍នានាលើពិភពលោកជាពិសេសប្រទេសក្រីក្រ។ ដូចការលើកឡើងរបស់អ្នកជំនាញខាងលើ វាសុទ្ធតែអាចអនុវត្តមានដោយចាប់ផ្តើមពីគម្រោងតូចៗក្នុងសហគមន៍។
បើតាមលោក Wallraven បញ្ហាប្រឈមធំរបស់ក្រុង Saerbeck ពេលចាប់ផ្តើមគម្រោងនេះគឺ ធនធានមនុស្សព្រោះការផលិតថាមពលស្អាតត្រូវការមនុស្សដែលអាចចូលរួមនិងអាចកាន់កាប់ការងារបាន និងត្រូវការហិរញ្ញវត្ថុផងដែរ។ បច្ចុប្បន្នក្រុង Saerbeck ក៏ប្រឹងប្រែងលើកកម្ពស់ការយល់ដឹងដល់ក្មេងតូចៗផងដែរពីការផលិតថាមពលស្អាតនេះដោយជំរុញឲ្យពួកគេមកសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ពីសហគមន៍ផងដែរ។
-គម្រោងអភិវឌ្ឍថាមពលស្អាតមូលដ្ឋានជាគំរូល្អ តែប្រឈមបញ្ហាច្រើននៅប្រទេសកំពុងអភិវឌ្ឍ
អ្នកជំនាញថាមពល ប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជាក៏អាចរៀនសូត្របានពីគម្រោងសហគមន៍នៅតំបន់ Saerbeck នេះដែរ ដោយជំរុញការអនុវត្តគម្រោងថាមពលតាមសហគមន៍មូលដ្ឋាន។
ប៉ុន្តែវាប្រហែលពិបាកអនុវត្តនៅប្រទេសកំពុងអភិវឌ្ឍដោយសារបញ្ហាប្រឈមមួយចំនួនជាពិសេសបច្ចេកវិទ្យាស្តុកថាមពលទុកប្រើប្រាស់ (Battery Storage)។
«ដំបូងយើងត្រូវដឹងថា តើសហគមន៍ Saerbeck មានថាមពលអ្វីខ្លះ។ បើសិនវាមានទាំងពីរថាមពលព្រះអាទិត្យ និងថាមពលខ្យល់ វាអាចជួយធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីបាន។ ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យបំពេញគ្នាទៅវិញទៅមក។ សម្រាប់សហគមន៍ឬតំបន់ដែលមានតែថាមពលខ្យល់ ឬមានតែថាមពលពន្លឺព្រះអាទិត្យ វាជារឿងលំបាកសម្រាប់ការធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីគ្រប់គ្រាន់»។ នេះជាការបញ្ជាក់របស់សេដ្ឋវិទូថាមពលប្រចាំវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាននិងអាស៊ីបូព៌ាលោកបណ្ឌិត ហាន ភូមិន្ទ ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិច ។
អ្នកជំនាញរូបនេះពន្យល់បន្ថែមថា យ៉ាងណាមិញ ក្នុងករណីដែលវាមានបច្ចេកទេសសម្រាប់ស្តុកថាមពលទុកសម្រាប់ប្រើប្រាស់ គេអាចធានាស្ថិរភាពនៃការផ្គត់ផ្គងថាមពលអគ្គិសនីបាន។ ប៉ុន្តែវាត្រូវចំណាយច្រើន ហើយវាមិនសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍឡើយ។
-កម្ពុជាគួរផ្តោតលើថាមពលព្រះអាទិត្យ និងជីវម៉ាស
បច្ចុប្បន្ននេះ ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាសជាអ្វីដែលកម្ពុជាត្រូវផ្តោតសំខាន់។ យ៉ាងណាមិញកម្ពុជាពិបាកឈានទៅផលិតអគ្គិសនីដោយប្រើប្រាស់ថាមពលខ្យល់។
លោកបណ្ឌិត ហាន ភូមិន្ទ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា ៖ « កម្ពុជាត្រូវឈានទៅរកថាមពលពន្លឺព្រះអាទិត្យ ហើយដូចយើងបានសង្កេតឃើញស្រាប់ហើយវាកំពុងតែវិវត្តទៅមុខឥឡូវនេះ។ ដោយសារមានជីវម៉ាសច្រើនក្នុងស្រុក កម្ពុជាក៏គួរជំរុញឲ្យមានការផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាសផងដែរ។ លើសពីនេះ ការផលិតអគ្គិសនីដើរដោយថាមពលទឹកខ្នាតតូចនៅតាមសហគមន៍ក៏គួរត្រូវជំរុញផងដែរក្នុងស្ថានភាពបច្ចុប្បន្ន»។
ពាក់ព័ន្ធការផលិតអគ្គិសនីដើរដោយថាមពលខ្យល់វិញ អ្នកជំនាញមើលឃើញថា កម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលនៅប្រឈមបញ្ហាច្រើនក្នុងនោះមានល្បឿនខ្យល់ បច្ចេកវិទ្យា និងការចំណាយច្រើនផង។
«ទោះបីជាប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍មានសក្តានុពលទាក់ទងនឹងថាមពលខ្យល់ក៏ដោយ ល្បឿនខ្យល់នៅក្នុងតំបន់នៅតែជាប្រភពសំខាន់ក្នុងការផលិតអគ្គិសនី ហើយវាក៏ទាក់ទងនឹងបច្ចេកវិទ្យា និងការចំណាយផងដែរ»។ លោក ហាន ភូមិន្ទ បានបញ្ជាក់ដូច្នេះ។
តាមពិតទៅ ផ្អែកតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ខ្យល់ដែលអាចប្រើប្រាស់ដើម្បីផលិតថាមពល និងដើម្បីបង្វិលតួប៊ីនបានយ៉ាងហោចណាស់មានល្បឿចាប់ពី ៦ ទៅ ៨ ម៉ែត្រក្នុងមួយវិនាទីដែរ។
ដោយឡែក ពេលសាកសួរថា តើកម្ពុជាក៏គួរផ្តោតលើការអប់រំក្មេងៗពាក់ព័ន្ធការអភិវឌ្ឍថាមពលកកើតឡើងវិញនេះដូចនៅសហគមន៍ Saerbeck ឬយ៉ាងណានៅពេលអនាគត លោកបណ្ឌិត ហាន ភូមិន្ទ ឆ្លើយថា វាជាគំនិតល្អដែលកម្ពុជាគួរគិតគូរដែរ។
លោកយល់ថា បើសិនជាអាចធ្វើបាន កម្ពុជាគួរដាក់បញ្ចូលចំណេះដឹងពាក់ព័ន្ធថាមពលករកើតឡើងវិញក្នុងកម្មវិធីអប់រំឲ្យបានលឿន ព្រោះវារួមចំណែកលើកកម្ពស់ចំណេះដឹង និងជំរុញការផលិតអគ្គិសនីដើរដោយថាមពលកកើតឡើងវិញដោយជោគជ័យនៅពេលអនាគតផងដែរ៕